សេចក្ដីបំភ្លឺព័ត៌មានក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនបងប្អូនសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីលួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេត ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានថាមានការលួចលេងល្បែងសុីសងតាមប្រព័ន្ធអុីនធឺណេតចំនួនបីទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ភ្លាមនោះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ,កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ, កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក សហការជាមួយអជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រាវជ្រាវទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ចំនួន០៣ទីតាំងគឺ៖ ទីតាំង១ និងទី២ ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ និងទីតាំងទី៣ នៅក្នុងភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ជាលទ្ធផលពេលកម្លាំងជំនាញយេីងបានចុះទៅដល់ទីតាំងទាំងបីខាងលើ ហេីយបានជួបជាមួយម្ចាស់ទីតាំង និងតាមការពិនិត្យជាក់ស្តែងឃើញថា មានសកម្មភាពលួចលេងល្បែងជល់មាន់តាមប្រព័ន្ធអុីនធឺណេត ចំនួន០២ទីតាំង ចំណែក០១ទីតាំងទៀតមិនមានការលួចលេងល្បែងស៊ីសងនោះទេ ។
ជាមួយគ្នានោះដែរ សមត្ថកិច្ចជំនាញបានធ្វើការអប់រំណែនាំចំពោះម្ចាស់ទីតាំងទាំង០៣ខាងលេី និងធ្វេីកិច្ចសន្យាអប់រំបញ្ឈប់ មិនឲ្យមានសកម្មភាពលួចបើកលេងល្បែងសុីសងខុសច្បាប់ បន្តទៀតជាដាច់ខាត ។
សូមបញ្ជាក់ថា សមត្ថកិច្ចយេីងខ្ញុំ និងអាជ្ញាធរមូលដ្ឋានបន្ដតាមដានរាល់សកម្មភាពល្មើសច្បាប់ខាងលើ ប្រសិនបើមានការប្រព្រឹត្តខុសពីកិច្ចសន្យា យេីងនិងចាត់វិធានការតាមច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការជាមួយសមត្ថកិច្ចយេីង ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមទំនាក់ទំនងតាមរយៈក្រុមការងារប្រតិកម្មរហ័ស ប្រព័ន្ធលេខទូរស័ព្ទ 015 727 337 ឬ 069 988 833 ។
No comments:
Post a Comment