ឯកឧត្តមគង់សោភ័ណ្ឌបានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីតែងតាំងលោកចាន់តារាអភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ នៃខេត្តកណ្តាល!
ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការនូវរដ្ឋបាលក្នុងអរិយក្សត្រ នៃខេត្តកណ្តាល។ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការក្រុងអរិយក្សត្រជាច្រើននាក់ផងដែរ។
មានប្រសាសន៍នាឱកាសនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ លើកឡើងថា ដោយសារស្ថានភាពស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម មានភូមិសាស្ត្រផ្ទៃដីធំទូលាយ និងមានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឱ្យអាជ្ញាធរស្រុកជួបការលំបាក ក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍ។ ទន្ទឹមនោះ ការបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងអរិយក្សត្រថ្មីនេះ នឹងជួយបង្កើនសក្តានុពលផ្នែកសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស ជួយពង្រឹងនូវការគ្រប់គ្រងរដ្ឋបាលដែនដី ការចាត់ចែងដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ឱ្យបានសមស្របទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព។
ឯកឧត្ដមអភិបាលខេត្ត បន្តថា ការប្រកាសបង្កើត និងដាក់ឱ្យដំណើរការនូវ រដ្ឋបាលក្រុងអរិយក្សត្រ នៃខេត្តកណ្តាល បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបំបែក និងបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល តាមរយៈអនុក្រឹត្យលេខ ២៧២ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យក ឃុំចំនួន០៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ, ឃុំកោះឧញ៉ាតី, ឃុំព្រែកអំបិល ឃុំព្រែកលួង, ឃុំព្រែកតាកូវ និងឃុំស្វាយជ្រុំ និងឃុំចំនួន ០៥ ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ, ឃុំសារិកាកែវ, ឃុំពាមឧញ៉ាអុង, ឃុំព្រែកក្មេង និងឃុំបារុង។
ឯកឧត្ដមអភិបាលខេត្ត ដល់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ គណៈអភិបាលក្រុងអរិយក្សត្រ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុងអរិយក្សត្រ នឹងរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការកសាង និងការអភិវឌ្ឍក្រុងអរិយក្សត្រ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យរួមមាន៖ ការផ្តល់សេវាសាធារណៈ កិច្ចខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងអរិយក្សត្រ ដែលទើបបំបែក និងបង្កើតថ្មី ជាពិសេស ការយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពម្ចាស់ការក្នុងការអនុវត្ត វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនានា នៅក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ នៃខេត្តកណ្តាល របស់យើងទាំងមូល។
No comments:
Post a Comment