តាមចំណីច្រាំងមាត់ទន្លេ ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានម្ចាស់អាជីវកម្មឈ្មោះ អុឹង គឹមឡេង កំពុងធ្វើសកម្មភាពជីកកាយយកអាចម៍ដី ទាំងនោះយកមកលក់យ៉ាងរំភើយ ដោយគ្មានការរំខានដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅតាមបណ្តោយច្រាំងទន្លេក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានឈ្មួញអាជីវកម្មខាងលើ ធ្វើសកម្មភាពជីកកាយដីដុះតាមមាត់ច្រាំងទន្លេ យកមកលក់ឲ្យឈ្មួញដទៃ ក្នុងតម្លៃមួយឡាន ២៥ដូល្លារ ស្មើ១០មុឺនរៀល ដោយគ្មានការរំខានដល់អាជ្ញាធរពាក់ព័ន្ធនោះទេ។
ប្រភពក៏បានត្អូញត្អែរដែរថា៖ ក្រុមរថយន្តដឹកអាចម៍ដី របស់ម្ចាស់អាជីវកម្ម អុឹង គឹមឡេង នេះ មិនដឹងថាមានច្បាប់អនុញ្ញាតត្រឹមត្រូវឬយ៉ាងណានោះទេ ព្រោះសព្វថ្ងៃឃើញថាសកម្មភាពដឹកជញ្ជូនអាចម៍របស់ក្រុមរថយន្តទាំងនោះ កំពុងតែមមាញឹកយ៉ាងខ្លាំង ចំណែកឯអាជ្ញាធរមូលដ្ធាន ដូចជាស្ងៀមស្ងាត់ខ្លាំងមែនទែន ដូចជាមានអ្វីលាក់លៀម។
ចំណែកឯរថយន្តវិញឃើញថា ជារថយន្តប្រភេទគ្មានស្លាកលេខ និងបើកបរក្នុងល្បឿនលឿនដូចជាកំពុងតែប្រប្រកួតប្រជែងគ្នា ដើម្បីរាប់ឡានយកលុយ។
ពលរដ្ឋជាច្រើន កំពុងតែមានការព្រួយបារម្ភ អំពីសុវត្ថិភាពចរាចរណ៍ ដូចជាបញ្ហាសុខភាពសារធារណៈ បញ្ហាបាក់ច្រាំងទន្លេជាដើម (ពោលគឺ) រថយន្តគ្មានស្លាកលេខ បើកបរក្នុងល្បឿនលឿន ផ្លូវហ៊ុយ សើមនិងរំអិល ហើយច្រាំងទន្លេអាចនិងស្រុតបាក់នៅថ្ងៃណាមួយជាយថាហេតុ។
ពាក់ព័ន្ធទៅនឹងករណីនេះ ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានទេ ព្រោះទូរស័ព្ទខលចូលជាច្រើនដង បែរជាចុចបិទ ដូចជាមានអ្វីខុសពីធម្មតា។
ហើយបើយោងតាមប្រភពមិនច្បាស់ការមួយបានបង្ហើបទាំងស្រពិចស្រពិល ថា៖ ករណីជីកកាយដីដុះតាមមាត់ច្រាំងទន្លេយកទៅលក់ខាងលើនេះ ត្រូវបានការអនុញ្ញាតពីលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី។
ពលរដ្ឋជាច្រើនសូមសំណូមពរដល់លោក ចេង មន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ សូមលោកអភិបាលចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលករណីខាងលើនេះផងទាន! ជៀសវាង ឈ្មួញនិងចៅសង្កាត់ត្រូវរ៉ូវគ្នាជាប្រព័ន្ធកាយដីរដ្ឋយកទៅលក់ចែកលុយគ្នាដាក់ហោប៉ៅ។
No comments:
Post a Comment