ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីជំនាញធ្វើការសិក្សា និងលើកជាគម្រោងដើម្បីធ្វើការជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ស្ពាន ប្រឡាយមេ និងប្រព័ន្ធលូជាដើម ក្រោយពីទឹកជំនន់ព្រែកត្នោតបានស្រកចុះ។
ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ខណៈដែល ឯកឧត្តមបានដឹកនាំមន្ត្រីជំនាញសាលារាជធានី និងអាជ្ញាធរដែនដីចុះពិនិត្យ មើលស្ថានភាពជាក់ស្ដែងនៅតាមប្រឡាយមេ ផ្លូវមួយចំនួននៅតាមដងស្ទឹងព្រែកត្នោត និងនៅតំបន់លិចទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។
ឯកឧត្តម ឃួង ស្រេង បានចុះពិនិត្យមើល ការដាក់លូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រ និងភូមិសំបួរ សង្កាត់ដង្កោ។ ក្នុងឱកាសនៃការចុះពិនិត្យទីតាំងនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានជំរុញឱ្យស្ថាបនា លូជាមុនសិន ស្ថាបនាផ្លូវតាមក្រោយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រទាំងនេះ។
បើតាម មន្ត្រីជំនាញថា គិតត្រឹមថ្ងៃទី០២ ខែធ្នូនេះ ការដាក់បណ្តាញលូ នៅផ្លូវ បេតុងចូលទៅបឹងតាម៉ាតនេះ មានទំហំ១ម៉ែត្រ៥០ គុណ២ម៉ែត្រ បានប្រវែង៤៥០ម៉ែត្រ ក្នុង ប្រវែងសរុប៧២៩ម៉ែត្រ ស្មើ៦០ភាគរយហើយ។ ចំពោះការដាក់លូដែលមានទំហំ១ម៉ែត្រ ក្រុមការងារដាក់បានប្រវែង១៩០ម៉ែត្រ/៩៩៦ម៉ែត្រ ស្មើនឹង១៥ភាគរយ។
ឯកឧត្តម ឃួង ស្រេង ក៏បានបន្ដចុះពិនិត្យស្ថានភាពប្រឡាយជើងឯក ស្ថិតនៅក្នុង ភូមិកំរៀង ក្នុងសង្កាត់ព្រៃវែង។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញ ពីផ្លូវជាតិលេខ៣ ចូលមកបឹងជើងឯក ដែលមានប្រវែង ១២គីឡូម៉ែត្រ។ ពាក់ព័ន្ធនឹងប្រឡាយមេនេះ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យមន្ត្រីជំនាញ នៃមន្ទីរ ជំនាញលើកជាគម្រោង ដើម្បីស្ថាបនាស្ពាននៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែងនេះ ដោយដាក់ ទ្វារទឹកផងដែរ។ ប្រឡាយនេះ ជាគម្រោងនឹងស្ដារឱ្យបានទទឹងពី១៥ ទៅ១៦ម៉ែត្រ។ បន្ទាប់ពី នេះទៀត ឯកឧត្តម ឃួង ស្រេង ក៏បានចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនទៀត នៅតាម បណ្ដោយស្ទឹងព្រែកត្នោត ដោយផ្លូវទាំងនេះ ត្រូវតែធ្វើការជួសជុលឡើងវិញ និងស្ថាបនាឱ្យ បានធំ និងខ្ពស់ជាងមុន។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្ថានភាពទឹកព្រែក ត្នោត ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពស់ទឹកចេះតែកើនឡើង ដោយសារមានការអភិវឌ្ឍច្រើន នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ដែលធ្វើឱ្យទឹកហូរចូលមកទឹកស្ទឹងព្រែកត្នោតតែមួយ។ ដូច្នេះហើយទើបកម្ពស់ទឹកកើនឡើងជាលំដាប់។ ហេតុនេះហើយ រដ្ឋបាលរាជធានីភ្នំពេញ នឹងលើកជាទំនប់តាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោតនេះឱ្យបានខ្ពស់ជាងមុន ធ្វើយ៉ាងណា ទប់ស្កាត់ការលិចលង់ឱ្យបាននៅឆ្នាំក្រោយៗទៀត៕
ដោយ សួស សំរិត
No comments:
Post a Comment