ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅបន្ត ខែមករា ឆ្នាំ២០២៥ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ#ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធី ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅបន្ត ខែមករា ឆ្នាំ២០២៥ របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
ដោយមានចូលរួម លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកអធិការនរបាលក្រុង-ស្រុក ទាំង៧ អធិការរង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ១៦ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៦៤ ២៣០នាក់ ស្រីចំនួន ១៥នាក់ ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរ និងអរគុណចំពោះ បណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ល្បាតចល័ត ធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ជាតិអាល់កុល គ្រឿងញៀន បង្ការទប់ស្កាត់ក្មេងទំនើង បទល្មើសផ្សេងៗនៅតាមព្រំដែន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តការផ្សព្វផ្សាយបន្ថែមច្បាប់ពាក់ព័ន្ធ ជួយសម្រួលចរាចរណ៍សិស្សានុសិស្សចេញពីសាលារៀន បង្ការទប់ស្កាត់ការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យ ត្រៀមកម្លាំងជួយអន្តរាគមន៍ គ្រោះមហន្តរាយនានា និង ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ នៅតាមទីប្រជុំជន និងការពារពិធីប្រគំតន្ត្រី នៅក្នុងទីរួមខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង ទទួលផែនសេនាធិការ បានឡើងអានរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤។ជាទីបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការទិសដៅ ចំនួន ១៣ចំណុច ឲ្យមន្ត្រីចំណុះ ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រៀមរៀបចំផែនការការពារ ក្នុងការប្រគំតន្ត្រី អបអរសាទរពិធីឆ្លងឆ្នាំសកល ២០២៤-២០២៥ នៅបរិវេណរដ្ឋបាលខេត្តត្បូងឃ្មុំ និងនៅតាមទីប្រជុំជន កន្លែងកំសាន្តនានា ទីមួយ នៅក្នុងកំឡុងថ្ងៃទី២៤-២៥ និងទីពីរ ៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីធានាបានក្នុងការចូលរួម ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋយើង ឲ្យបានល្អប្រសើរ ៕
No comments:
Post a Comment