សូមលោកប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បើកភ្នែកមើលបុគ្គលសង់រោងដែក លើចិញ្ចើមផ្លូវជាតិលេខ២ជាតំបន់គ្រោះថ្នាក់
ខេត្តតាកែវៈ មហាជនក៏ដូចជាមន្រ្តីរាជការមួយចំនួនបានលាន់មាត់ថាអីយ៉ា ទំនងលោកមេឃុំរវៀង ត្រូវដងត្រូវផ្លែគ្នាហើយមើលទៅ បានជាអនុញ្ញាតិអោយបុគ្គលជាអ្នកច្បាប់ម្នាក់ សង់រោងដែករឹងមាំ នៅលើដីចំណីផ្លូវជាតិលេខ២ ស្ថិតត្រង់ផ្លូវកោង ក្នុងភូមិឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយគ្មានមន្រ្តីណាហ៊ានប៉ះពាល់។
មហាជនបានលើកឡើងទៀតថា បើពលរដ្ឋតូចតាចស្លូតត្រង់ ដាក់តែគ្រែលក់ដូរ តាមចិញ្ចើមផ្លូវតិចតួចយកលុយបង់ធនាគារ គឺមានអស់លោកអាជ្ញាធរទាំងហ្វូង ចុះមកបញ្ជាបង្គាប់អោយរុះរើជាបន្ទាន់ តែបើគ្នីគ្នារបស់អស់លោកអាជ្ញាធរ គឺសាងសង់ស្កឹមស្កៃបែបនិង។
ជុំវិញករណីខាងលើលោកកឹម ពន្លក មេឃុំរវៀងបានអោយដឹងថា លោកមិនបានអនុញ្ញាត្តិច្បាប់អោយសាងសង់រោងដែកខាងលើនេះទេ ហើយលោកក៏មិនមានវិធានការទប់ស្កាត់ដែរ ព្រោះលោកមិនហ៊ានជាមួយម្ចាស់រោងដែកទេ ដោយសារម្ចាស់រោងដែកជាមេធាវីផង ជាអតីតប្រធានតុលាការផង ចំណែកប្រពន្ធម្ចាស់រោងដែក ក៏ជាសមាជិកក្រុមប្រឹក្សាឃុំរវៀងផងដែរ។
ពាក់ពន្ធ័ករណីខាងលើមន្រ្តីនៃមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវម្នាក់ សុំមិនបញ្ចេញឈ្មោះបានអោយដឹងថាម្ចាស់សាងសង់រោងដែក នៅចំនុចខាងលើ គឺជាអតីតមន្រ្តីអ្នកអនុវត្តច្បាប់ហើយការសាងសង់រោងដែកខាងលើជាទង្វើខុសច្បាប់និងជាគំរូដ៏អាក្រក់ដាក់ពលរដ្ឋ។
ជាចុងក្រោយពលរដ្ឋស្នើដល់លោកណុប នី ប្រធានមន្ទីសាធារណៈការនឹងដឹកជញ្ជូនខេត្តតាកេវមេត្តាបើកភ្នែកមើលអ្នកច្បាប់សាងសង់រោងដែកខាងលើផងទានកុំរវល់តែអង្គុយក្នុងម៉ាស៊ីនត្រជាក់ពេកប្រយត្ន័ផ្ដាសាយ៕
No comments:
Post a Comment