នគរបាលវរ:៨០៧ ជួយសង្គ្រោះពលរដ្ឋម្នាក់ជាន់មីនផ្ទុះដាច់ជើង ខណ:ដើរបេះបន្លែព្រៃតាមព្រំដែនកម្ពុជា-ថៃ
បន្ទាយមានជ័យ: បុរសកសិករម្នាក់ ក្រោយពេលបាយថ្ងៃត្រង់រួចឆ្លៀតដើរបេះបន្លែព្រៃ នៅតាមព្រៃក្បែរព្រំដែនកម្ពុជា-ថៃ កាលពីវេលាម៉ោង១:២១នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក បានជាន់មីនផ្ទុះរបួសដាច់ជើងយ៉ាងធ្ងន់ធ្ងរ ត្រូវបានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យ កម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោក៨០៧ សហការជាមួយកម្លាំងយោធា អាជ្ញាធរពាក់ព័ន្ធចុះជួយអន្តរាគមន៍ នាំយកបញ្ចូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចន ជុង ភេទប្រុស ឣាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខរបរជាកសិករ ។
លោកមេបញ្ជាការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុក្រោយបាយថ្ងៃត្រង់រួចជនរងគ្រោះបានឈ្លាតដើររកបេះបន្លែរព្រៃ រកដកផ្សិត និងជីកទំពាំង បានជាន់មីនដែលសល់ពីសម័យសង្គ្រាម ផ្ទុះបណ្តាលឲ្យដាច់ជើងឆ្វេង ។ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ បានសហការជាមួយកម្លាំងយោធា (ក.អ.ធ.ទី១សឹករងស្រុកថ្មពួក) ចុះទៅពិនិត្យកន្លែងមីនផ្ទុះ និងបានចូលទៅជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយនាំគ្នាយកអង្រឹងសែងដាក់រថយន្តបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
ពាក់ព័ន្ធករណីនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដែលដើររកអនុផលព្រៃឈើ សូមកុំចូលព្រៃដែលសង្ស័យថាមានមីនឬក៏មានស្លាកសញ្ញាគ្រោះថ្នាក់ឲ្យសោះ ព្រោះអាចនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឬក៏រងរបួសជាដើម ៕
No comments:
Post a Comment