ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វេីការបំភ្លឺជូនបងប្អូនសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម ពាក់ព័ន្ធនឹងការចុះស្រាវជ្រាវទីតាំងលួចលេងល្បែងសុីសង ក្នុងភូមិសាស្ត្រស្រុកកងមាស
នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស , កម្លាំងរបស់ប៉ុស្តិ៍នគរបាល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការស្រាវជ្រាវ រកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍) ចំនួន១២ទីតាំង ក្នុងភូមិសាស្រ្តស្រុកកងមាស ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចយើង បានចុះដល់ទីតាំងលក់បាយ គុយទាវ កាហ្វេ និងភេសជ្ជៈ ក្នុងនោះ ពួកគាត់បានបំភ្លឺជូនសមត្ថកិច្ចយើងឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់បានបើក ទូរទស្សន៍ ដាក់បញ្ចាំងជល់មាន់ តាមកញ្ចក់ទូរទស្សន៍ អោយភ្ញៀវដែលមកផឹកកាហ្វេ និងភេសជ្ជ:មើលកម្សាន្ត ពិតប្រាកដមែន តែពុំមានសកម្មភាពលេងភ្នាល់ដាក់ប្រាក់ឡើយ គ្រាន់តែបញ្ចាំងឲ្យភ្ញៀវមើលកម្សាន្ត ដើម្បីឲ្យលក់កាហ្វេ និងភេសជ្ជ: ដាច់ប៉ុណ្ណោះ។
បន្ទាប់ពីធ្វើការសាកសួររួច សមត្ថកិច្ចយើង បានធ្វើកិច្ចសន្យាអប់រំមិនឲ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ជាដាច់ខាត និងបានចាត់ឲ្យសមត្ថកិច្ចមូលដ្ឋាន មានការឃ្លាំមើលជាប់ជាប្រចាំ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ ដែលបានផ្តល់ជាតម្រុយ ដើម្បីជាមូលដ្ឋានពង្រឹងការអនុវត្តវិធានការជំនាញក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យបានទាន់ពេលវេលា។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នើសុំកិច្ចសហការបន្តពីភ្នាក់ងារសារព័ត៌មាន សាធារណជន និងបណ្ដាញទំនាក់ទំនងសង្គម ក្នុងការផ្តល់ព័ត៌មាន ភស្តុតាងច្បាស់ការ ឬចង្អុលបង្ហាញមុខសញ្ញាសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តវិធានការជំនាញ និងវិធានការច្បាប់ និងសូមមេត្តាចៀសវាងយករូបភាពសកម្មភាពល្មើសចាស់ៗដែលត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបរួចមកហើយនោះ មកកែច្នៃបង្កើតជាព័ត៌មានថ្មី បង្កការលំបាកដល់ការអនុវត្តជំនាញ និងអាចនាំឲ្យមហាជនមានការភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន ជាពិសេស បង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាល និងអង្គភាពអនុវត្តច្បាប់ ៕
No comments:
Post a Comment