ខេត្តឧត្តរមានជ័យ ៖ សត្វជ្រូករស់ប្រមាណ២ពាន់ក្បាល ចំនួន៥រថយន្ត ត្រូវបាននាំចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាសារជាថ្មីយ៉ាងកក្រើកតាមដងផ្លូវ ក្រោយពេលបានផ្អាកដំណើរការនាំចូលអស់រយៈពេលជាច្រើឆ្នាំកន្លងមកហើយ។ ហេតុការណ៍នេះ កើតឡើងនៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងភូមិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ក្រោយបោះឆ្នោតចប់។
ទាក់ទិននឹងការនាំសត្វជ្រូកចេញពីប្រទេសថៃបែបនេះ ក៏មានក្តីបារម្ភពីប្រជាពលរដ្ឋខ្មែរដែលចិញ្ចឹមជ្រូក និងអ្នកចិញ្ចឹមលក្ខណៈជាកសិដ្ឋានក្នុងខេត្ត បានឲ្យកោះសន្តិភាពដឹងផងដែរថា សត្វជ្រូកថៃ ដែលគេនាំចូល គឺមានតម្លៃថោកជាងជ្រូកកម្ពុជានៅលើទីផ្សារក្នុងស្រុក ខណៈនេះបើក្រុមហ៊ុននាំសត្វជ្រូកចូលចែកចាយទៅឲ្យក្រុមឈ្មួញតូចៗកា.ប់លក់នោះ ពួកគាត់គឺខាតបង់ក្នុងការចិញ្ចឹមរលំរលាយតែម្តង។ ពីព្រោះកន្លងមក ក្រុមហ៊ុនដែលនាំសត្វជ្រូកចូលកម្ពុជា ក៏ធ្លាប់លក់បែងចែកទៅឲ្យក្រុមឈ្មួញតូចៗទាំងនេះទៅទូទាំងប្រទេសដែរ ធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុករលាយម្តងមកហើយ។
លោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្មខេត្ត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានប្រាប់ឲ្យកោះសន្តិភាពដឹងថា ក្រុមហ៊ុនដែលនាំសត្វជ្រូកចេញពីប្រទេសថៃ ចូលប្រទេសកម្ពុជា ឈ្មោះក្រុមហ៊ុន «ឌឿន សមិទ្ធ»។លោក តាញ់ បុត្តា បសុព្យាបាលសត្វមន្ទីរកសិកម្មខេត្ត បានឲ្យដឹងផងដែរថា ក្រុមហ៊ុន ឌឿន សមិទ្ធ (Daen Samith) បានឲ្យលោកចុះធ្វើការត្រួតពិនិត្យផ្នែកសុខភាពសត្វនៅនឹងមាត់ច្រកទ្វារនៅពេលនាំចូលមក។ លោកមិនបានដឹងពីចំនួនទេ ត្រឹមបានដឹងថា ក្នុងមួយរថយន្តមានចំនួន៣០០ទៅ៣៥០ក្បាល មានចំនួន៥រថយន្ត អាចនៅមានច្រើនទៀត។
ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងប្រទេសចាប់ផ្តើមមានប្រតិកម្មខ្លាំងៗហើយ ព្រោះជ្រូកក្នុងស្រុកមានច្រើនណាស់គ្រប់ខេត្ត-ក្រុង ហេតុអ្វីអ្នកមានអំណាចឱ្យនាំជ្រូករស់ពីស្រុកថៃចូលបែបនេះ ទំនងចែកចាយតាមបណ្ដាខេត្តអស់ទៅហើយ។ គេប្រាប់ថា សង្ស័យមានក្រុមហ៊ុនធំមួយយកឈ្មោះអ្នកថ្មីមកប្រើ ព្រោះក្រុមហ៊ុនធំនោះល្បីល្បាញពេក ។ប្រភពកោះសន្តិភាព
No comments:
Post a Comment