ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនបងប្អូនសសាធារណជនទាំងអស់ជ្រាបថា ពាក់ព័ន្ធករណីប្រទះឃេីញមនុស្សដេកស្លាប់នៅចំណុចក្នុងចំការស្ថិតនៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង៤០នាទី លោកវរសេនីយ៍ត្រី ឡុក ជាង នាយប៉ុស្តិ៍នគរបាលតាអុង បានទទួលព័ត៌មានពីឈ្មោះ ចាន់ ម៉ុល ភេទប្រុសអាយុ៦០ឆ្នាំ ជាតិខ្មែរ នៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើថា៖ មានមនុស្សដេកស្លាប់ នៅក្នុងចំការរបស់គាត់ ស្ថិតនៅក្នុងភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យលោកឧត្តសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញចុះពិនិត្យដល់កន្លែងកើតហេតុ ទទួលបានលទ្ធផលដូចខាងក្រោម÷
១-សាកសពមានភិនភាគ ភេទប្រុស អាយុប្រហែល២៦ឆ្នាំ មិនស្គាល់អត្តសញ្ញាណ
២-ពាក់អាវដៃវែង ក្រឡាការ៉ូ ពណ៌ឈាមជ្រូក លាយ ពណ៌ប្រផេះក្រម៉ៅ ស្លៀកខោ ជើងវែង សាច់ក្រណាត់ពណ៌ខ្មៅ សម្ពស់១.៦៥ម៉ែត្រ
៣-មានស្នាមសាក់នៅលើដើមទ្រូង ជាអក្សរខ្មែរថា (ស្លាប់រស់ព្រោះដុល្លារ) និងស្នាមសាក់នៅលើកំភួនដៃឆ្វេងជាអក្សរខ្មែរថា (តស៊ូដើម្បីកូន) ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ និងសាច់ញាតិមិនទាន់ឃើញនៅឡើយទេ សពត្រូវបានយកទៅបញ្ចុះនៅវត្តស្វាយមាស ស្ថិតនៅភូមិតាអុង ឃុំតាអុងស្រុកចំការលើ ខេត្តកំពង់ចាម តាមបញ្ជាឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម ។
អាស្រ័យដូចបានជម្រាបជូនតាមភិនភាគនៃសពខាងលេីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នេីសុំឲ្យបងប្អូនសាធារណជនទាំងអស់ ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គមជួយផ្សព្វផ្សាយ ដេីម្បីស្វែងរកសាច់ញាតិបងប្អូនគ្រួសារសព និងសូមផ្ដល់ព័ត៌មានជាក់លាក់តាមរយៈក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមយេីងខ្ញុំ លេខទូរស័ព្ទ 015 727 337 ឬ 069 998 833 ។ សូមអរគុណ!
No comments:
Post a Comment