ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធឆ្លងមហាកុដិ អគារសិក្សា និងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី ស្រុកស្ទឹងត្រង់
==============
ខេត្តកំពង់ចាម ៖ ឯកឧត្តម ហ៊ុន ម៉ានិត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន ថ្លែងថា សមិទ្ធផលនានា ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ មានរីកចំរើនទៅបាន គឺមិនអាចខ្វះបាន ដោយការចូលរួមចំណែកពីពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយឡើយ ។ ការថ្លែងបែបនេះក្នុងពិធិសម្ពោធឆ្លងមហាកុដិ អគារសិក្សា និងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី ស្ថិតនៅក្នុងភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានិត បានថ្លែងថា សមិទ្ធផលទាំងនេះ បានកើតឡើង ដោយមានការចូលរួមចំណែកពីពុទ្ធបរិស័ទ និងសប្បុរសជន ពីទីជិតឆ្ងាយ ក្រោមការជឿជាក់ និងការដឹកនាំ របស់ព្រះចៅអធិការ ជាពិសេស ភាពឆ្លាវៃ របស់ព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ក្នុងការកៀងគរថវិកា ពីសប្បុរសជន ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បី ដោះស្រាយការងារប្រចាំថ្ងៃ និងការអភិវឌ្ឍទីអារាមរបស់ខ្លួន ពោលគឺ វត្តអារាមនីមួយៗ ពុំមានប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បី យកមកផ្គត់ផ្គង់ព្រះសង្ឃ ក៏ដូចជា កិច្ចការមួយចំនួនទៀត រួមទាំង ការកសាងសមិទ្ធផលនានា នៅក្នុងវត្តបានឡើយ ។
ឯកឧត្ដម ហ៊ុន ម៉ានិត បានបញ្ជាក់ថា នាថ្ងៃនេះ យើងបានសម្ពោធមហាកុដិ និងសមិទ្ធផលមួយចំនួនទៀត ហើយនាថ្ងៃខាងមុខ យើងនឹងមានកសាងនូវសមិទ្ធ ជាបន្តបន្ទាប់ទៀត ពោលគឺ អាស្រ័យទៅលើធនធានដែលយើងមាន ផងដែរ ។ ដូច្នេះ ការកសាងសមិទ្ធផលនៅទីនេះ ត្រូវទាមទារឲ្យមានការចូលរួមចំណែក ពីពុទ្ធបរិស័ទ ក៏ដូចជា សប្បុរសជន ជាប្រចាំ និងតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បី លើកកម្ពស់តម្លៃ នៃវិស័យព្រះពុទ្ធសាសនា ឲ្យថ្កុំថ្កើងរុងរឿង ទ្វេរឡើងថែមទៀត ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា វត្តមុនីរង្សី «ហៅវត្តថ្មី» ជាវត្តមួយក្នុងចំណោមវត្តទាំង ៤៣ នៅក្នុងស្រុកស្ទឹងត្រង់ ។ វត្តនេះ កសាងឡើងនាអំឡុងឆ្នាំ១៩៥១ ។ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តនេះត្រូវបានពួកវា បំផ្លាញសមិទ្ធផលខ្ទេចខ្ទី និងយកធ្វើជាគុក ដាក់មនុស្ស ជាឃ្លាំងស្រួវ ថែមទាំងយកមនុស្ស ទៅសម្លាប់ នៅបរិវេណវត្តនេះ ទៀតផង ។ ក្រោយថ្ងៃរំដោះ ៧មករា ពុទ្ធបរិស័ទ ក៏បានរៀបចំវត្តនេះឡើងវិញ ដោយប្ដូរទីតាំងពីវត្តចាស់ មកទីតាំងថ្មី ស្ថិតនៅក្នុងភូមិអូរុន ឃុំខ្ពបតាងួន ។ ដោយមានការជ្រោមជ្រែង ពីសំណាក់ឧបាសិកា ប៊ុន ស៊ាងលី និងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ព្រមទាំង ពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំង សប្បុរសជនជិតឆ្ងាយ បាននាំគ្នាកសាងឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ។ ដោយឡែក ក្រៅពីសមិទ្ធផលចាស់ សមិទ្ធផលថ្មី ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន ៖ ឧបដ្ឋានសាលា មហាកុដិ កម្ពស់ ២ជាន់ ដងទង់ ១គូរ ការចាក់បេតុងជុំវិញព្រះវិហារ រួមនឹងអគារសិក្សា ១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាអូរុន ស្ថិតនៅក្នុងបរិវេណវត្តមុនីរង្សី នេះ ផងដែរ៕
No comments:
Post a Comment