ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមិទ្ទិញអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៣
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមិទ្ទិញអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឡើងធ្វើសេចក្ដីរាយការណ៍ដោយសង្ខេប និងបានកត់សម្គាល់ថា សមិទ្ធផលកន្លងទៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ គឺចូលរួមថែរក្សាការពារសន្ដិភាព ធានាបានស្ថេរភាពនយោបាយ ពិសេសសន្ដិសុខផ្ទៃក្នុង ការពារបានប្រក្រតីភាពរបស់ស្ថាប័នកំពូលៗ រួមទាំងស្ថាប័នព្រះមហាក្សត្រ។
អ្វីដែលលេចធ្លោនោះ គឺការពារកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចការពារព្រឹត្តិការណ៍នយោបាយជាតិការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ក្រៅពីនោះ ព្រឹត្តិការណ៍ផ្សេងៗ ដែលរៀបចំឡើងជាង១ម៉ឺនលើក ក៏បានការពារសុវត្ថិភាពទាំងស្រុង ដែលធ្វើឲ្យសាធារណៈមតិជាតិ អន្ដរជាតិទទួលស្គាល់ និងកោតសរសើរដល់កងកម្លាំងនគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្ដទៀតថា បទល្មើសជារួមមានការថយចុះ ក្នុងនោះបទល្មើសព្រហ្មទណ្ឌ ថយចុះ៩ភាគរយ, ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានអនុវត្តយ៉ាងសកម្មដោយបង្ក្រាបបានជាង៦,០០០ករណី ចាប់ជនសង្ស័យជាង១៣,០០០នាក់។ ការប្រឆាំងអំពើជួញដូរមនុស្ស បង្ក្រាបបាន១៧៤ករណី ចាប់ជនសង្ស័យ២២៦នាក់ សង្គ្រោះជនរងគ្រោះ៥៥២នាក់ ក្នុងនោះការដាក់បណ្ដឹងសុំកិច្ចអន្ដរាគមន៍ទៅកាន់ហ្វេសបុករបស់សម្ដេចក្រឡាហោម ស ខេង និងប្រភពផ្សេងៗ ពាក់ព័ន្ធជនបរទេស បានធ្វើការស្រាវជ្រាវរកឃើញ៤៧០ករណី ចាប់ជនសង្ស័យ១២៣នាក់ សង្គ្រោះមនុស្សជាង១០០០នាក់ មាន១៦សញ្ជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្ក្រាបបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទនោះ កងកម្លាំងនគរបាលជាតិបានអនុវត្តការងារនេះយ៉ាងសកម្ម ដោយចុះពិនិត្យគោលដៅដែលមានតម្រុយសង្ស័យ ជាង១ម៉ឺនទីតាំង និងរកឃើញមានបទល្មើស អនុវត្តច្បាប់ ៣០៥ទីតាំង និងចាប់ខ្លួនមនុស្ស៧៥២នាក់បញ្ជូនទៅតុលាការ។ ករណីក្មេងទំនើងបង្ក្រាបជាង១០៤៣លើក ឃាត់២៣៧៣នាក់ បញ្ជូនទៅតុលាការ៧២៨នាក់។
បន្ទាប់ពីការវាយតម្លៃ និងព្យាករណ៍សភាពការណ៍នោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ដល់នូវអនុសាសន៍ចំនួន៦ចំណុច សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ រួមមាន៖
*ទី១៖ ការពារឲ្យបានដាច់ខាតនូវសុខ សន្ដិភាព និងខឿនសន្ដិសុខជាតិ ធានាស្ថេរភាពសង្គម
*ទី២៖ បន្ដប្រយុទ្ធប្រឆាំងបទល្មើស កាត់បន្ថយបទល្មើស បង្កើនភាពកក់ក្ដៅ កាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន ទាំងបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដ្រី និងកុមារតាមគ្រប់ទម្រង់ ពិសេសយកចិត្តទុកដាក់លើបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
*ទី៣៖ ការពង្រឹងការងារសណ្ដាប់ធ្នាប់ ចរាចរណ៍ និងអគ្គិភ័យ។ គោលដៅធំបំផុតកាត់បន្ថយគ្រោះថ្នាក់ ហើយការងារអាទិភាព គឺជំរុញការអប់រំឲ្យមានការចូលរួមពី ព្រោះកងកម្លាំងមិនអាចធ្វើតែឯកឯងបានទេ ពោលត្រូវតែមានការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ
*ទី៤៖ ការងារព្រំដែន ត្រូវបន្ដកិច្ចសហការជាមួយកងទ័ពការពារព្រំដែន ការពារអធិបតេយ្យជាតិ ពិសេសពង្រឹងប្រព័ន្ធការពារតាមព្រំដែន បង្កើនកិច្ចសហការទប់ស្កាត់បទល្មើស លើកកម្ពស់សមត្ថភាពការហ្វឹកហាត់ និងការពង្រឹងស្មារតីសហការជាមួយប្រទេសជិតខាង
*ទី៥៖ ការងារនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវអនុវត្តឲ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនូវការងារនគរបាល និងសហគមន៍។ ការងារនេះជារឿងសំខាន់ ព្រោះជាចលករដ៏សំខាន់ជំរុញការអនុវត្តគោលនយោបាយជាតិ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។ លើសពីនេះ ត្រូវជំរុញការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលប៉ុស្ដិ៍ ការឧបត្ថម្ភគាំទ្រ និងផ្លាស់ប្ដូរឥរិយាបថក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ
*ទី៦៖ ពង្រឹងការងារប្រចាំបញ្ជា និងអន្ដរាគមន៍ ត្រូវត្រៀមលក្ខណៈសម្បត្តិជាប្រចាំដើម្បីចេញសង្គ្រោះនៅពេលមានហេតុការណ៍ និងគ្រប់គ្រងស្ថានការណ៍ នៅពេលមានហេតុការណ៍កើតឡើង។ ក្នុងនោះត្រូវរៀបចំក្រុមតាមដានប្រព័ន្ធទំនាក់ទំនងសង្គម ក្រុមប្រតិកម្មរហ័ស ដើម្បីឆ្លើយតបដោះស្រាយ និងសំណូមប្រជាពលរដ្ឋ ខណៈនៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានមជ្ឈមណ្ឌលប្រចាំបញ្ជា លេខទូរស័ព្ទ ១១៧ រង់ចាំទទួលបណ្ដឹង និងការសួរនាំពីប្រជាពលរដ្ឋ។
ដោយសារតែកម្មវិធីនេះបានរៀបចំឡើងដោយភ្ជាប់ជាមួយ ពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានកោតសរសើរកម្លាំងនគរបាលជាតិ ជានារី និងបានផ្ដាំផ្ញើឲ្យខិតខំប្រឹងប្រែងលើកកម្ពស់សមត្ថភាព និងជំនាញ ដើម្បីរួមចំណែកដល់ការធានាសន្ដិសុខ មាតុភូមិ និងបានឧបត្ថម្ភថវិកាដល់នគរបាលនារី ចំនួន ១,០៤៣នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល ព្រមទាំងជូនពរកងកម្លាំងនគរបាលនារីទាំងអស់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គលក្នុងគ្រួសារ៕
No comments:
Post a Comment