ប្រកាសនិងតែងតាំងស្នងការនគរបាលខេត្តព្រៃវែងថ្មីព្រឹកនេះ!
ព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆនប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋានគរបាលជាតិ នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ ត្រូវបានឡើងកាន់ជាស្នងការនគរបាលខេត្តព្រៃវែងជំនួសលោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ អតីតស្នងការ នគរបាលខេត្តព្រៃវែង ទៅបម្រើការជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានប្រារព្ធធ្វើឡើងនៅសាលាខេត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងចូលរួមថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធ ប្រធានអនុប្រធានមន្ទីរ តាមមន្ទីរជុំវិញខេត្ត ប្រធាន-អនុប្រធានសាខាគយ និងរដ្ឋាករ សាខាពន្ធដារ អភិបាលស្រុក អធិការស្រុក ជាច្រើននាក់ផងដែរ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលទើបឡើងកាន់តំណែងបានឡើងប្តេជ្ញាចិត្ត ចំពោះគណៈអធិបតីយ៉ាងដូច្នេះថា «ថ្ងៃនេះគឺជាថ្ងៃមួយដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុត សំរាប់រូបខ្ញុំ ក៏ដូចជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានកិត្តិយសបានទទួលនូវការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាឱកាសនេះ។
ដើម្បីសំដែងនូវទឹកចិត្តដ៏ស្មោះស្ម័គ្រភក្តី ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ខ្ញុំបាទសូមធ្វើការសន្យាដោយការទទួលខុសត្រូវ និងប្តេជ្ញាចិត្តដូចតទៅ ៖ សន្យាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ។ គោរព និងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។ យកអស់កំលាំងកាយចិត្ត គំនិតប្រាជ្ញាដើម្បីបំរើផលប្រយោជន៍ប្រជារាស្ត្រ និងមិនធ្វើអ្វីដែលនាំអោយប៉ះពាល់ប្រយោជន៍របស់ប្រជារាស្ត្រឡើយ ៕
No comments:
Post a Comment